(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឈានដល់ការលបឆ្មក់ចូលបង្ក្រាបករណីរក្សាទុក ចាត់ចែងសម្រួលឱ្យប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនមួយកន្លែង ដោយក្នុងនោះ បានឃាត់ខ្លួនជនសង្ស័យជាង២៥៧នាក់ និងដកហូតវត្ថុតាង ដែលមានជាឧបករណ៍សម្រាប់ប្រើប្រាស់ ទូរស័ព្ទដៃ និងគ្រឿងញៀនមួយចំនួនធំ ផងដែរ។
ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបនេះ បានអនុវត្តឡើងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
មុនឈានដល់ការបង្ក្រាប, កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយក្នុងចំណោមជនសង្ស័យទាំង២៥៧នាក់ មានបុគ្គលិក អនាម័យ និងចុងភៅជាជនជាតិខ្មែរ ចំនួន៦២នាក់ ក្រៅពីនឹងមានជនជាតិចិន និងជនជាតិវៀតណាម ១៩៥នាក់។
កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការលបឆ្មក់បង្ក្រាបនេះដែរ បានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ ស្ថិតនៅត្រង់ចំណុចក្លឹបមួយកន្លែងឈ្មោះ ខេមបូឌា ស្កាយ៍ Cambodia Sky ក្នុងភូមិសាស្ត្រកោះពេជ្រ តាមបណ្ដោយផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាម៉ោង១២៖៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។ បច្ចុប្បន្នជនសង្ស័យទាំង២៥៧នាក់ កំពុងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីសួរនាំ និងអនុវត្តតាមនីតិវិធី៕











