Boostrong

គណៈបញ្ជាការឯកភាពរដ្ឋបាលប៉ុស្ដិ៍សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បន្តធ្វើវេទិការសាធារណៈ ស្ដីពីភូមិ-សង្កាត់មានសុវត្ថិភាព ដើម្បីទទួលសំណូមពរ និងរកដំណោះស្រាយជូនប្រជាពលរដ្ឋ

សន្តិសុខសង្គម
ចុះថ្សាយថ្ងៃ​ សៅរ៍ ០៦-កក្កដា-២០២៤

(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលប៉ុស្ដិ៍សង្កាត់ឬស្សីកែវ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ បានបន្តធ្វើវេទិការសាធារណៈ នៅក្នុងក្រុមទី៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដើម្បីទទួលយកសំណូមពរមួយចំនួន និងការរិះរកដំណោះស្រាយ ហើយនឹងស្ដីពីភូមិ-សង្កាត់មានសុវត្ថិភាព ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្រោយពីមានការជម្រុញជាបន្តបន្ទាប់ តាមរយៈការដឹកនាំប្រជុំផ្សេងៗ ពិសេសកិច្ចប្រជុំក្រុមប្រឹក្សា និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌ។

វេទិការសាធារណៈរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ឬស្សីកែវនេះ ដឹកនាំដោយលោកវរ:សេនីយ៍ត្រីនាយប៉ុស្តិ៍ តូច គឹមសុង តំណាងចៅសង្កាត់ និងអភិបាលខណ្ឌ និងមានការចូលរួមផងដែរ ពីក្រុមប្រឹក្សាសង្កាត់, មន្ត្រីសាលាសង្កាត់, នគរបាលមណ្ឌល, មេភូមិ, ប្រធានក្រុម, ⁠មេ៥០ខ្នង ⁠និងប្រជាការពារសង្កាត់ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀត។

ក្នុងវេទិការសាធារណៈនេះដែរ និងបន្ទាប់ពីទទួលបានសំណូមពរមួយចំនួន ពីប្រជាពលរដ្ឋ ដូចជាការចាក់ធុងបាស់រំខាន, អ្នកជួលផ្ទះស្នើសុំធ្វើសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ, ការស្នើសុំកែតម្រូវសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណ ជាមួយបញ្ហាកកស្ទះប្រព័ន្ធលូនៅពេលភ្លៀងធ្លាក់ម្ដងៗ, លោកវរ:សេនីយ៍ត្រី តូច គឹមសុង ក៏បានធ្វើការពន្យល់បកស្រាយយ៉ាងក្បោះក្បាយអំពីនិតិវិធីនៃផ្លូវច្បាប់ និងលើកឡើងផងដែរ សូមឲ្យមានការចូលរួមទាំងអស់គ្នា ស្ដីពីភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ដើម្បីស្នើសុំផ្ដល់កិច្ចសហការ និងរាយការណ៍ក្នុងការបង្កាទប់ស្កាត់រាល់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ពិសេសផលប៉ះពាល់នៃគ្រឿងញៀន ក្មេងទំនើង និងអាត្រាគ្រោះថ្នាក់ចរាចរ ជាដើម។

លើសពីនេះ លោកវរ:សេនីយ៍ត្រី តូច គឹមសុង ក៏បានលើកឡើង អំពីការបន្ដយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀត ដើម្បីទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ក្នុងការរក្សាការពារឲ្យបានល្អនូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលសំដៅដល់ការចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា សម្រាប់លក្ខណៈសម្បត្តិរបស់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច» របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ *១-ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ *២-គ្មានបទល្មើស (លួច-ឆក់ប្លន់) គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ *៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ *៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ *៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយ គុណភាព និងប្រសិទ្ធភាព។ *៦-មានអនាម័យ មានសោភ័ណ្ឌភាពល្អ និងមានបរិស្ថានល្អ។ *៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕

https://api.whitetigertv-asia.com/uploads/images/1720415039048-photo_2024-07-07_17-04-33.jpghttps://api.whitetigertv-asia.com/uploads/images/1720415039051-photo_2024-07-07_17-04-50.jpghttps://api.whitetigertv-asia.com/uploads/images/1720415039053-photo_2024-07-07_17-04-57.jpghttps://api.whitetigertv-asia.com/uploads/images/1720415039058-photo_2024-07-07_17-05-03.jpghttps://api.whitetigertv-asia.com/uploads/images/1720415039060-photo_2024-07-07_17-05-08.jpghttps://api.whitetigertv-asia.com/uploads/images/1720415039063-photo_2024-07-07_17-05-15.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស៊ើបអង្កេត
ចែករំលែក
Boostrong