(ភ្នំពេញ)៖ ដឹងច្បាស់ហើយ! អ្នកបើកបររថយន្ដបុករះនៅតាមបណ្ដោយផ្លូវព្រះនរោត្ដម (ខាងមុខក្រសួងមហាផ្ទៃ) ដែលបណ្ដាលឱ្យមានស្លាប់ និងរបួស គឺលោកវរសេនីយ៍ឯក ហ៊ុន ហេង នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិសេសមានជាតិអាល់កុល ០,៤៥mg/L។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងនៅព្រលប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឱ្យដឹងថា លោកវរសេនីយ៍ឯក ហ៊ុន ហេង ដែលជាអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍ បាននិងកំពុងស្ថិតក្រោមការសាកសួរពីនគរបាលជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានអនុវត្តតាមការណែនាំពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់អ្នកបង្ក គឺត្រូវអនុវត្តតាមផ្លូវច្បាប់ដោយមិនមានការលើកលែងឡើយ។
បើតាមលោក សំ វិច្ឆិកា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សម្រាប់រថយន្ដបង្កបានបុករះម៉ូតូកង់បីចំនួន៣គ្រឿង ម៉ូតូ១គ្រឿង និងរថយន្ដ១គ្រឿងទៀត បណ្ដាលឱ្យជនរងគ្រោះម្នាក់ស្លាប់នៅកន្លែងកើតហេតុ របួសធ្ងន់ចំនួន២នាក់ និងរបួសស្រាលចំនួន៣នាក់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យបន្ថែមថា បច្ចុប្បន្នលោកវរសេនីយ៍ឯក ហ៊ុន ហេង នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលជាអ្នកបើករថយន្ដបង្ក ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីផ្លូវច្បាប់។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram, Twitter, WhatsApp, Line, CoolApp៕





