Boostrong

សេចក្តីបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

ព័ត៌មានជាតិ
ចុះថ្សាយថ្ងៃ​ ចន្ទ ២៣-ធ្នូ-២០២៤

(ពោធិ៍សាត់)៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ មានកិត្តិយសសូមគោរព ជម្រាបជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម និងសាធារណៈជនមេត្តាជ្រាបថា៖ នាពេល ថ្មីៗនេះ ម្ចាស់ Acount Facebook ឈ្មោះ Nam Ping House បានសរសេរ និងបង្ហោះព័ត៌មាននៅតាមបណ្តាញទំនាក់ទំនង មានរយៈពេលប្រាំមួយនាទីនិងសែសិបប្រាំបីវិនាទីលើបណ្តាញសង្គម ក្នុងនោះក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានពិនិត្យខ្លឹមសាររួមគឺផ្តោតសំខាន់លើមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។

ការចុះផ្សាយ និងបង្ហោះជាសាធារណៈនៅក្នុងបណ្តាញសង្គម បានបង្កនូវការលើកឡើងជាមតិយោបល់ពីមហាជន ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម វាយតម្លៃប្រកបដោយភាពអវិជ្ជមានចំពោះកម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្នុងខណៈដែលពួកគាត់មិនបានយល់ច្បាស់ចំពោះអង្គហេតុ និងទិដ្ឋភាពជាក់ស្តែង នៃសកម្មភាពពិតប្រាកដ ហើយបានបង្កនូវការយល់ច្រឡំពីមជ្ឈដ្ឋានទូទៅ។

ចំពោះការចុះផ្សាយខាងលើ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនសាធារណៈជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឲ្យបានជ្រាបថា៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីយើងបានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងបានដាក់ Camera ចាប់ល្បឿននៅគីឡូម៉ែត្រលេខ១៥៥-១៥៦ គោលដៅឃាត់ត្រួតពិនិត្យនៅគីឡូម៉ែត្រលេខ១៦៨-១៦៩ ស្ថិតនៅភូមិតាកែវីក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លុះម៉ោង១៣:៤៤ នាទីរសៀលមានរថយន្តម៉ាក Camry ពណ៌ស ពាក់ផ្លាកលេខ កណ្តាល២A-៩៤៣៨ ទិសដៅពីភ្នំពេញទៅខេត្តបន្ទាយមានជ័យ បានបើកបរលើសល្បឿនកំណត់ ១១០Km/h យើងបានឃាត់រថយន្តដើម្បីត្រួតពិនិត្យ។ ក្រោយពីបានពិនិត្យហើយយើងឃើញថា អ្នកបើកបរឈ្មោះ ហៀង មករា ភេទស្រី កាន់ប័ណ្ណបើកបរ B.TKH.០០០១៩៨៧២ បានប្រើប្រាស់ល្បឿនលឿនលើសកំណត់ ១១០Km/h ត្រូវផាកពិន័យយោងតាមអនុក្រឹតលេខ៣៩ អនក្រ.បក របស់រាជរដ្ឋាភិបាល ចំនួនទឹកប្រាក់ ១៥០,០០០រៀល មន្ត្រីយើងធ្វើការផាកពិន័យដោយ ចេញប័ណ្ណពិន័យជូនសាម៉ីខ្លួនបានត្រឹមត្រូវ។

ពាក់ព័ន្ធនឹងគាត់និយាយថា មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ផាកពិន័យទឹកប្រាក់ ១,២០០,០០០រៀល គឺមិនពិតដូចគាត់លើកឡើងទេ។ ក្រុមការងារចុះអនុវត្តន៍ច្បាប់ របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអ្នកបើកបរលើសល្បឿនកំណត់ លើផ្លូវជាតិលេខ៥ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាសុវត្ថិភាពជូនដល់អ្នកប្រើប្រាស់ផ្លូវ។

បន្ទាប់ពីបានអនុវត្តន៍ក្នុងរយៈពេលកន្លងមក យើងសង្កេតឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍មានការថមថយ ហើយមានការសាទរពីប្រជាពលរដ្ឋផងដែរ។ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សូមបដិសេធនូវខ្លីបវីដេអូ នៃការចុះផ្សព្វផ្សាយដែលធ្វើអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក កំពុងអនុវត្តន៍រឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក។ ទន្ទឹមនឹងនេះដែរ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋ អ្នកសារព័ត៌មាន ដែលតែងតែចូលរួមផ្តល់ព័ត៌មានពិតក្នុងន័យស្ថាបនា ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។ អាស្រ័យហេតុនេះ សូមសាធារណៈជន អ្នកសារព័ត៌មាន និងបណ្តាអ្នកនិយមតាមដានព័ត៌មាន នៅតាមបណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន៕


អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
Boostrong