ខ្លាសអាស៊ីធីវី

អភិបាលខណ្ឌទួលគោក៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Srey Thea Louk Maju បង្ហោះសារវាយប្រហាររដ្ឋបាលខណ្ឌ ដែលចុះរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ (បានដឹងខ្លួនខុស) និងសុំទោសដោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរំលោភបំពានលើទ្រូងផ្លូវសាធារណៈ

ព័ត៌មានជាតិ

(ភ្នំពេញ)៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Srey Thea Louk Maju ដែលមានអ្នកគ្រប់គ្រងឈ្មោះ ថា វុទ្ធា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរលក់គ្រឿងម្ជូរនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ស្នាក់នៅផ្ទះលេខ១០ ផ្លូវលេខ២៣៤ កែងផ្លូវ២៤៣ ភូមិ២ សង្កាត់ផ្សាដើមគរ ខណ្ឌទួលគោក បានទទួលស្គាល់កំហុសឆ្គងទាំងស្រុងរបស់ខ្លួនហើយ និងយល់ព្រមលប់ចោលព័ត៌មានមិនពិត ដែលបានបង្ហោះ ហើយនឹងឯកភាពធ្វើកិច្ចសន្យាបញ្ឈប់ការយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈមកប្រកបអាជីវកម្ម ឬចតយានយន្តគ្រប់ប្រភេទ ដើម្បីលើកដាក់ឥវ៉ាន់បន្តទៅទៀតនោះដែរ។

ការចេញមកទទួលស្គាល់កំហុសឆ្គងនេះ បានធ្វើឡើងនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Srey Thea Louk Maju ដែលមានអ្នកគ្រប់គ្រងឈ្មោះ ថា វុទ្ធា នាពេលកន្លងមក បានបង្ហោះសារតាមបណ្ដាញសង្គម ដោយធ្វើការវាយប្រហារ បណ្ដាលឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ក្នុងការអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅតាមបណ្ដោយផ្លូវលេខ២៣៤ ក្នុងសង្កាត់ផ្សារដើមគរ របស់រដ្ឋបាលខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមលោក ជា ពិសី អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា មានគណនីហ្វេសប៊ុកឈ្មោះ Srey Thea Louk Maju ដែលមានអ្នកគ្រប់គ្រងឈ្មោះ ថា វុទ្ធា បានបង្ហោះផ្សព្វផ្សាយវាយប្រហារ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់រដ្ឋបាលខណ្ឌ ក្នុងការអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅផ្លូវលេខ២៣៤ ក្នុងសង្កាត់ផ្សារដើមគរ នាពេលថ្មីៗកន្លងមកនេះ។

បន្ទាប់ពីមានការបង្ហោះសារវាយប្រហាររួចមក ដែលមិនមែនជាការពិត, រដ្ឋបាលខណ្ឌ បានអញ្ជើញឈ្មោះ ថា វុទ្ធា មកជួបពន្យល់ណែនាំ ព្រមទាំងបានធ្វើកិច្ចសន្យា។ ក្រោយពីបានស្តាប់ការពន្យល់ណែនាំរបស់ក្រុមការងារគណៈបញ្ជាការឯកភាពខណ្ឌរួចមក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Srey Thea Louk Maju ដែលមានអ្នកគ្រប់គ្រងឈ្មោះ ថា វុទ្ធា បានដឹងខ្លួនខុស ហើយសាម៉ីខ្លួន បានទទួលស្គាល់នូវកំហុសឆ្គងចំពោះរដ្ឋបាលខណ្ឌ ដែលបានបង្ហោះព័ត៌មានមិនពិតលើបណ្តាញសង្គមហ្វេសប៊ុក។

ជាមួយគ្នានេះ ឈ្មោះ ថា វុទ្ធា បានធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច នៃរដ្ឋបាលខណ្ឌ ដែលមានខ្លឹមសារ រួមមាន១-សាម៉ីខ្លួនព្រមទទួលកំហុសទាំងស្រុង ដែលបានបង្ហោះព័ត៌មានមិនពិតតាមបណ្តាញសង្គមហ្វេសប៊ុក ចំពោះការចុះរៀបចំសណ្តាប់ធ្នាប់ របស់រដ្ឋបាលខណ្ឌ និងលុបការបង្ហោះនេះចេញវិញ ហើយនិងបង្ហោះសារបកស្រាយ និងសុំទោសជាសាធារណៈឡើងវិញ អំពីការយល់ច្រលំរបស់គាត់ចំពោះគណៈបញ្ជាការឯកភាពខណ្ឌ ដែលបានខិតខំប្រឹងប្រែងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ។

២-បញ្ឈប់ការយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈប្រកបអាជីវកម្មលក់ដូរទៀតឡើយ។ ៣-បញ្ឈប់ការយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដើម្បីចតមធ្យោបាយផ្សេងៗ ឬយានយន្តគ្រប់ប្រភេទលើកដាក់ទំនិញ ដែលបង្កការកកស្ទះចរាចរណ៍ និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ ៤-ត្រូវសម្អាតអនាម័យជាប្រចាំ និងវិចខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ អាស្រ័យបានដូចជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន សូមអរគុណ៕


អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី