(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងមន្ត្រីក្រោមឱវាទ នារសៀលថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ បានបន្តឆ្លៀតឱកាសចុះត្រួតពិនិត្យមើលការសម្អាតអនាម័យ ពិសេស តុ កៅអី អំពូលភ្លើងនៅតាមបន្ទប់ និងបរិស្ថានជំវិញបរិវេនមណ្ឌលប្រឡងទាំង៣ (វិទ្យាល័យបាក់ទូកខាងជើង, បាក់ទូកខាងត្បូង និងសាលាបឋមសិក្សាបាក់ទូក) ក្នុងមូលដ្ឋានខណ្ឌ ឱ្យមានសោភ័ណភាព និងបរិយាកាសល្អ ដើម្បីត្រៀមសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមជាមួយលោកចៅសង្កាត់វាលវង់ គណៈគ្រប់គ្រងសាលាបាក់ទូក មន្រ្តីពាក់ព័ន្ធ និងក្រុមហ៊ុនមីហ្សូដា បានចុះត្រួតពិនិត្យមើលការបាញ់ទឹកលាង បោសសម្អាតតាមបន្ទប់អាគារសាលា និងបន្ទប់ទឹកក្នុងបរិវេណវិទ្យាល័យបាក់ទូក ក្នុងការធានាបរិស្ថានអនាម័យល្អប្រសើរ ដើម្បីត្រៀមជាមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ ជូនដល់សិស្សានុសិស្ស ប្រកបដោយផាសុខភាព។
លោកអភិបាលខណ្ឌ៧មករា បានលើកឡើងថា ការចុះបាញ់ទឹកលាងសម្អាតនេះ ដើម្បីធានាឲ្យមានបរិស្ថានអនាម័យល្អ ជាពិសេសបន្ទប់ទឹកតែម្ដង និងតាមបន្ទប់មណ្ឌលប្រឡង ត្រូវមានអំពូលភ្លើង និងកង្ហាគ្រប់គ្រាន់សម្រាប់សិស្សានុសិស្ស ពេលប្រឡង។
លោកអភិបាលខណ្ឌ បានថ្លែងអំណរអរគុណដល់គណៈគ្រប់គ្រងវិទ្យាល័យបាក់ទូក ដែលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុងបរិវេណសាលាបានល្អប្រសើរ បន្ទប់ទឹកមានអនាម័យល្អ និងក្នុងបន្ទប់នៃអាគារសាលារៀននីមួយៗ មានបំពាក់ភ្លើងអគ្គិសនី និងកង្ហាគ្រប់គ្រាន់សម្រាប់សិស្ស។ ជាចុងក្រោយលោកអភិបាល សូមជូនពរដល់សិស្សានុសិស្ស ដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ ឱ្យទទួលបានលទ្ធផលជោគជ័យល្អគ្រប់ៗគ្នា៕









