(ភ្នំពេញ)៖ ខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ «សូមជម្រាបជូនសាធារណៈជន មេត្តាជ្រាបថា តាមប្រភពព័ត៌មាន មានជនឆ្លៀតឱកាស បានប្រើប្រាស់រូបភាពគេងចំណេញ ដោយយកលិខិតថ្លែងអំណរគុណរបស់ សម្តេចធិបតី បានផ្សព្វផ្សាយចេញជាបន្តបន្ទាប់ផ្ញើជូនដោយសម្ងាត់ទៅ បង ប្អូន អ៊ំ ពូ មីង តាយាយមួយចំនួន ដោយស្នើសុំជាទឹកចិត្តមួយចំនួន សម្រាប់ផ្តល់ជូនក្រុមការងារ ដោយបញ្ជាក់ថា ខ្លួនជាក្រុមការងាររៀបចំលិខិតថ្លែងអំណរគុណ»។
សូមបញ្ជាក់ថា «ការធ្វើលិខិតថ្លែងអំណរគុណ គឺក្រុមការងារបាននឹងកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ហើយខិតខំធ្វើដោយយកចិត្តទុកដាក់ សហការខ្ពស់ជាមួយនឹងក្រុមការងារពាក់ព័ន្ធទាំងអស់ រួមនឹងធនាគារ ដើម្បីធ្វើឲ្យប្រាកដថាឈ្មោះត្រឹមត្រូវ និងតួលេខនៃការចូលរួមផងដែរ។ ក្រុមការងារទទួលបន្ទុករៀបចំបោះពុម្ភលិខិតថ្លែងអំណរគុណ និងផ្សព្វផ្សាយ គឺធ្វើដោយមិនតម្រូវឲ្យមានការបង់ប្រាក់ ឬជាថ្នូរនៃទឹកចិត្តណាមួយសម្រាប់ក្រុមការងារនោះឡើយ»។
ដូចនេះ «សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន ហើយប្រសិនបើមានការប្រព្រឹត្តិដូចករណីខាងលើ សូមរាយការណ៍មកជាបន្ទាន់តាមរយៈផេក និង Telegram Channel ផ្លូវការរបស់ សម្តេចធិបតី ដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការយ៉ាងតឹងរឹងចំពោះជននោះ»៕