(ភ្នំពេញ)៖ ក្រោយពីទទួលបានការដឹកនាំ និងជម្រុញយ៉ាងយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ, លោកអនុសេនីយ៍ឯក ជ្រិន យូរ៉ាន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឫស្សីកែវ និងលោកវរសេនីយ៍ត្រី កែវ ចន្ថា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី២ និងមន្ត្រីក្រោមឱវាទ បាននាំយកនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយចំនួន មកផ្ដល់ជូនតាមខ្នងផ្ទះ ដើម្បីអាចយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋ។
សកម្មភាពនៃការរៀបចំបំពេញបែបបទឯកសារស្នើសុំផ្សេងៗ រហូតបោះពុម្ពរួច និងឈានដល់ការចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរតាមខ្នងផ្ទះប្រជាពលរដ្ឋ ខាងលើនេះ បានធ្វើឡើងជាបន្តបន្ទាប់ នៅតាមបណ្ដាភូមិមួយចំនួន នៅក្នុងសង្កាត់ឫស្សីកែវ និងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី០៣-០៥ ខែកញ្ញា ឆ្នាំ២០២៥។
បើតាមលោកនាយប៉ុស្ដិ៍ វរសេនីយ៍ត្រី កែវ ចន្ថា និងលោកអនុសេនីយ៍ឯក ជ្រិន យូរ៉ាន់ ក្រៅពីធ្វើការចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរតាមខ្នងផ្ទះប្រជាពលរដ្ឋ ដោយអនុវត្តតាមការណែនាំ និងដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានជម្រុញ និងផ្ដាំផ្ញើតៗគ្នា ដល់បងប្អូនកូនក្មួយទាំងឡាយណា ដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ និងប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ឫបាត់អត្តសញ្ញាណប័ណ្ណ សូមទំនាក់ទំនងមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ ក្នុងមូលដ្ឋាន ដើម្បីដាក់ពាក្យស្នើសុំធ្វើថ្មី ដោយមានមន្ត្រីនគរបាលរងចាំទទួលជានិច្ច នូវរៀងរាល់ម៉ោងធ្វើការ៕































