(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានបញ្ជាក់ថា សុខទុក្ខរបស់មន្ត្រីក្រោមឱវាទ កាន់តែសំខាន់ ពិសេសនៅពេលមន្ត្រីជួបឧបទ្ទវហេតុផ្សេងៗ ដូចជាមានជម្ងឺ ដែលចាំបាច់ក្នុងនាមថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់ តាមរយៈការចុះសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាតាមលទ្ធភាព ដើម្បីសម្រាលបន្ទុកក្រុមគ្រួសារមួយចំនួន។
ការញ្ជាក់របស់លោកអភិបាលខណ្ឌ៧មករា បានធ្វើឡើងក្នុងពេលលោកអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន១,០០០,០០០រៀល (មួយលានរៀល) ដើម្បីជួយដោះស្រាយបញ្ហាជីវភាពមួយចំនួនដល់លោក នៅ ប៊ុន ចៅសង្កាត់អូរឬស្សីទី១ ដែលកំពុងបន្តសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យកេតុមាលា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥។
យ៉ាងណាក៏ដោយ និងដោយយល់ឃើញពីការគិតគូពីសំណាក់មន្ត្រីថ្នាក់លើ ចំពោះសុខទុក្ខរបស់មន្ត្រីថ្នាក់ក្រោម, សម្រាប់ចៅសង្កាត់អូរឬស្សីទី១ លោក នៅ ប៊ុន និងក្រុមគ្រួសារ បន្ទាប់ពីទទួលបាននូវថវិកា១លានរៀល សម្រាប់ចំណាយផ្សេងៗមួយចំនួន នៃការបន្តសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យ ក៏បានឆ្លៀតឱកាស ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរផងដែរ ចំពោះលោកអភិបាលខណ្ឌ៧មករា និងថ្នាក់ដឹកនាំខណ្ឌគ្រប់ៗរូប សូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ហើយនឹងសូមបានសមប្រកបនូវពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram, Twitter, WhatsApp, Line, CoolApp៕






