(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សូមអំពាវនាវដល់សប្បុរសជននានា ចូលរួមគាំទ្រដល់គម្រោងជួសជុល កែលម្អ និងសាងសង់បន្ថែមសំណង់អគារអធិការដ្ឋាន ឱ្យសម្រេចបានជាសមិទ្ធផល ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងបម្រើសេវាសាធារណៈ ក្នុងមូលដ្ឋាន ឱ្យកាន់តែល្អប្រសើរ ជូនប្រជាពលរដ្ឋ។
ការអំពាវនាវនេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ តាមរយៈបណ្ដាញសង្គម បន្ទាប់ពីលោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរងទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ តំណាងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកមួយចំនួន និងត្រួតពិនិត្យសំណង់អគារអធិការដ្ឋាន ដែលកំពុងដំណើរការជួសជុល កែលម្អ និងសាងសង់បន្ថែម។
ទោះបីយ៉ាងណា លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនផងដែរថា ដំណើរការគម្រោងជួសជុល កែលម្អ សាងសង់បន្ថែមសំណង់អគារ និងសាងសង់របង នៃអធិការដ្ឋាន គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ សម្រេចបានប្រមាណ ៣៥% ដោយពឹងផ្អែកថវិកាឧបត្ថម្ភពី ព្រះតេជព្រះគុណ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងលោក លោកស្រី ជាសប្បុរសជន ដែលបានចូលរួមចំណែក ផងដែរ៕



























