ខ្លាសអាស៊ីធីវី

អភិបាលខណ្ឌទួលគោក ដឹកនាំមន្ត្រីអបអរសាទរ ពិធីអកអំបុក និងសំពះព្រះខែ នៅវត្តនាគវ័ន

ព័ត៌មានជាតិ

(ភ្នំពេញ)៖ លោក ជា​ ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងលោកស្រី អាន ផល្លា ជាភរិយា ព្រំទាំងបុត្រ នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំលោក-លោកស្រី និងថ្នាក់ដឹកនាំ នៃមន្ត្រីរាជការរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ទាំង១០ រៀបចំអបអរសាទរសម្រាប់ពិធីអកអំបុក និងសំពះព្រះខែ ស្ថិតនៅវត្តនាគវ័ន ក្នុងសង្កាត់បឹងកក់ទី២។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប គេតែងរៀបចំជារៀងរាល់ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤កើត ១៥កើត ដល់ថ្ងៃ១រោច ខែកក្តិក ដោយឡែកពិធីបុណ្យអកអំបុក សំពះព្រះខែវិញ គេប្រារព្ធធ្វើនៅពាក់កណ្តាលរាត្រី ១៥កើត ខែកក្តិក តែប៉ុណ្ណោះ។ ពិធីនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។ ក្នុងឱកាសនោះ គេសង្កេតឃើញប្រជាពលរដ្ឋមកពីបណ្ដាខេត្ត ក្រុងមួយចំនួនយកទូកមកប្រណាំងដណ្ដើមយកជ័យជម្នះ ឱ្យខេត្តរបស់ខ្លួនទៀតផង។

យោងតាមគេហទំព័រ ទ្រឹស្តីពុទ្ធចក្រ ពិធីបុណ្យអុំទូក ត្រូវបានគេប្រារព្ធធ្វើតាំងពីសម័យបុរាណ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹក ខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ។ ប្រភពដដែលបានឱ្យដឹងទៀតថា នៅតាមជញ្ជាំងនៃប្រាសាទ មានចម្លាក់ទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទំនៀមទម្លាប់ប្រពៃណី សាសនា សិល្បៈ កីឡា ជាពិសេសការធ្វើសឹកសង្គ្រាមជាមួយសត្រូវ ដែលដឹកនាំដោយព្រះបាទជ័យវរ្ម័នទី៧ ទទួលបានជ័យជម្នះយ៉ាងធំធេងតាមរយៈចម្បាំងកងទ័ពជើងទឹក។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺចម្បាំងកងទ័ពជើងទឹក ដែលត្រូវបានគេឆ្លាក់ជាប់នឹងជញ្ជាំងយ៉ាងល្អប្រណីតគួរឲ្យគយគន់ខ្លាំងណាស់។

ចម្លាក់នៃកងទ័ពជើងទឹកនេះ ត្រូវបានកុលបុត្រខ្មែរជំនាន់ក្រោយ ចងចាំពីគុណបំណាច់របស់បុព្វបុរសខ្លួន ដែលបានរំដោះទឹកដីឲ្យរួចពីការត្រួតត្រារបស់ខ្មាំងសត្រូវ ហើយនាំគ្នាប្រារព្ធធ្វើពិធីអុំទូករម្លឹកគុណបំណាច់ដ៏ថ្លៃថ្លា នេះជារៀងរាល់ឆ្នាំ។ ទើបពិធីនេះ មានតាំងពីសម័យមហាអង្គររហូតមក ហើយប្រជាពលរដ្ឋខ្មែរតែងប្រារព្ធធ្វើពិធីបុណ្យអុំទូក ដើម្បីធ្វើការប្រលងប្រណាំងទូកគ្រប់ប្រភេទ ទាំងបុរស និងស្ត្រី ដែលមកពីគ្រប់ខេត្តក្រុង។ ក្នុងពិធីនេះ ក៏មមានការលយប្រទីប ដើម្បីឧទ្ទិសកុសលដល់ព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ប្រជាពលរដ្ឋអាចសង្កេតឃើញ នៅពេលយប់តាមក្រសួងនីមួយៗ មានបណ្ដែតប្រទីបលម្អទៅដោយភ្លើងចម្រុះពណ៌គួរជាទីគយគន់ និងបាញ់កាំជ្រួចព្រោងព្រាត ដែលមានមនុស្សម្នាចូលរួមទស្សនាយ៉ាងច្រើនកុះករ បញ្ចេញនូវស្នាមញញឹមគ្រប់ៗគ្នា។

ចំពោះពិធីអកអំបុក និងសំពះព្រះខែ ត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើង ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយកកំណើតជាទន្សាយបានលះបង់អាយុសង្ខារក្នុងការបំពេញបារមីទានដល់ឥន្ទ្រព្រាហ្មណ៍។ ទ្រឹស្តីពុទ្ធចក្រ បានឱ្យដឹងថា ការគិតរបស់ព្រះពោធិសត្វនេះ បានក្ដៅដល់ឥន្ទ្រព្រាហ្មណ៍ ហើយព្រះអង្គបាននិយាយថា «ជីវិតខ្ញុំនឹងក្ស័យជាមិនខានធ្វើម្ដេចនឹងបានអាហារបរិភោគ»។ ពេលនោះទន្សាយពោធិសត្វបានពោលថា «ខ្ញុំមានតែសាច់ និងឈាមត្រូវការឲ្យជាទាន បើអ្នកចង់បានចូររកអុសមកបង្កាត់ភ្លើងទៅចុះ ខ្ញុំនឹងលោតចូលក្នុងភ្លើងឲ្យបានជាអាហារបរិភោគ»។ ឥន្ទ្រព្រាហ្មណ៍គ្រាន់តែឮដូច្នេះ ក៏ទៅបង្កាត់ភ្លើងចំណែកឯទន្សាយ ក៏លោតចូលភ្លើងភ្លាមប៉ុន្តែ ដោយអំណាចនៃសេចក្ដីជ្រះថ្លា ព្រះឥន្ទ្រក៏ហោះទៅទ្រមិនឲ្យភ្លើងឆេះរោមមួយសរសៃឡើយ ។ ឃើញដូច្នេះ ព្រះឥន្ទ្រក៏ហោះទៅឋានលើយកថ្មកែវមនោសិលាគូសរូបទន្សាយនៅក្នុងរង្វង់ព្រះចន្ទ ជាប់តាំងពីនោះរហូតមក ហើយមនុស្សគ្រប់រូបឃើញរូបទន្សាយច្បាស់នៅថ្ងៃ១៥កើត។ គួរឱ្យដឹងដែរថា រណ្តាប់សែន ក្នុងពិធីបុណ្យអកអំបុក និងសំពះព្រះខែ រួមមាន អំបុក ចេក ដូង ដំឡូង ត្រាវ អំពៅ និងផ្លែឈើផ្សេងៗ និងទៀន ធូប ភ្ញីផ្កាជាដើម៕

https://api.whitetigertv-asia.com/uploads/images/1731822972835-photo_2024-11-17_12-52-16.jpghttps://api.whitetigertv-asia.com/uploads/images/1731822972835-photo_2024-11-17_12-52-21.jpghttps://api.whitetigertv-asia.com/uploads/images/1731822972836-photo_2024-11-17_12-52-26.jpghttps://api.whitetigertv-asia.com/uploads/images/1731822972837-photo_2024-11-17_12-52-32.jpghttps://api.whitetigertv-asia.com/uploads/images/1731822972838-photo_2024-11-17_12-52-37.jpghttps://api.whitetigertv-asia.com/uploads/images/1731822972839-photo_2024-11-17_12-52-42.jpghttps://api.whitetigertv-asia.com/uploads/images/1731822972839-photo_2024-11-17_12-52-46.jpghttps://api.whitetigertv-asia.com/uploads/images/1731822972840-photo_2024-11-17_12-52-52.jpghttps://api.whitetigertv-asia.com/uploads/images/1731822972841-photo_2024-11-17_12-52-58.jpghttps://api.whitetigertv-asia.com/uploads/images/1731822972841-photo_2024-11-17_12-53-03.jpghttps://api.whitetigertv-asia.com/uploads/images/1731822972841-photo_2024-11-17_12-53-08.jpghttps://api.whitetigertv-asia.com/uploads/images/1731822972843-photo_2024-11-17_12-53-14.jpghttps://api.whitetigertv-asia.com/uploads/images/1731822972844-photo_2024-11-17_12-53-19.jpghttps://api.whitetigertv-asia.com/uploads/images/1731822972848-photo_2024-11-17_12-53-24.jpghttps://api.whitetigertv-asia.com/uploads/images/1731822972849-photo_2024-11-17_12-53-29.jpghttps://api.whitetigertv-asia.com/uploads/images/1731822972849-photo_2024-11-17_12-53-35.jpghttps://api.whitetigertv-asia.com/uploads/images/1731822972850-photo_2024-11-17_12-53-39.jpghttps://api.whitetigertv-asia.com/uploads/images/1731822972851-photo_2024-11-17_12-53-44.jpghttps://api.whitetigertv-asia.com/uploads/images/1731822972852-photo_2024-11-17_12-53-48.jpghttps://api.whitetigertv-asia.com/uploads/images/1731822972853-photo_2024-11-17_12-53-53.jpghttps://api.whitetigertv-asia.com/uploads/images/1731822972854-photo_2024-11-17_12-54-00.jpghttps://api.whitetigertv-asia.com/uploads/images/1731822972855-photo_2024-11-17_12-54-05.jpghttps://api.whitetigertv-asia.com/uploads/images/1731822972855-photo_2024-11-17_12-54-09.jpghttps://api.whitetigertv-asia.com/uploads/images/1731822972856-photo_2024-11-17_12-54-14.jpghttps://api.whitetigertv-asia.com/uploads/images/1731822972857-photo_2024-11-17_12-54-18.jpghttps://api.whitetigertv-asia.com/uploads/images/1731822972858-photo_2024-11-17_12-54-23.jpghttps://api.whitetigertv-asia.com/uploads/images/1731822972859-photo_2024-11-17_12-54-28.jpghttps://api.whitetigertv-asia.com/uploads/images/1731822972861-photo_2024-11-17_12-54-37.jpghttps://api.whitetigertv-asia.com/uploads/images/1731822972894-photo_2024-11-17_12-54-42.jpghttps://api.whitetigertv-asia.com/uploads/images/1731822972896-photo_2024-11-17_12-54-46.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី