(ក្រចេះ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារដោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ នៅថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៨៖០០នាទីព្រឹក នៅសាលាខេត្តក្រចេះ ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ, ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធាន ក្រុមប្រឹក្សាខេត្ត, ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងបរិស្ថាន, មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ជាលទ្ធផលអង្គប្រជុំបានឯកភាព និងសម្រេចយកនីតិវិធីសុរិយោដី ដើម្បីចុះបញ្ជីដីបង្ហើយ និងដោះស្រាយបញ្ចប់វិវាទលើទីតាំងដីរដ្ឋ និងដឹឯកជន ក្នុងភូមិសាស្ត្រខេត្តក្រចេះ ឈានទៅបង្កើតបរិយាកាសគ្មានវិវាទ ដូចខាងក្រោម៖
១-ជំរុញបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទាំងដីរដ្ឋ និងដីឯកជន ដែលនៅសេសសល់ ចំនួនប្រមាណ ២០ ១៦៩ ក្បាលដី នាពេលឆាប់ៗខាងមុខ ដើម្បីបញ្ចប់វិវាទ និងហាមឃាត់រាល់ការ ចូលទន្ទ្រានកាន់កាប់លើដីរដ្ឋដោយខុសច្បាប់។ ២-ករណីរដ្ឋបាលខេត្តក្រចេះ ស្នើសុំកាត់ដីចេញពីបញ្ជីសារពើភណ្ឌរបស់រដ្ឋ ចំនួន ១១ករណី ដើម្បីធ្វើ អនុប្បយោគនិងប្រទានកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងពិនិត្យតាមនីតិវិធី។
៣-បន្តពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋដែលបានរស់នៅ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង ស្របតាមសារាចរលេខ ០៦ សរ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា និង អនុក្រឹត្យលេខ ២៤៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការកំណត់តំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិលើផ្ទៃដីទំហំសរុប ៩៣៣ ៥៧៧ហិកតា។ ៤-ករណីប្រជាពលរដ្ឋចំនួន ៧គ្រួសារ ស្នើសុំគោលការណ៍កាត់ផ្ទៃដីទំហំ ៤,១៤ហិកតា មានទីតាំងស្ថិត នៅភូមិក្បាលស្នូល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ អង្គប្រជុំបានពិនិត្យឃើញថា ការស្នើសុំនេះ ស្ថិតក្នុងទីតាំងដីរបស់រដ្ឋ ដែលមិនត្រូវបានអនុញ្ញាតផ្តល់ជូនឡើយ។
៥-ជំរុញការដោះស្រាយវិវាទដែលនៅសេសសល់ទាំង ១៣ករណី រួមមាន៖ ១). សំណើសុំចុះបញ្ជីរបស់ប្រជាពលរដ្ឋចំនួនមួយគ្រួសារ លើដីទំហំ ១៨ ហិកតា ស្ថិតនៅភូមិកាប៉ូ និងភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ, ២). សំណើសុំចុះបញ្ជីរបស់ប្រជាពលរដ្ឋ ៣៥៣ គ្រួសារ ស្មើនឹង ១២៣៣នាក់ លើផ្ទៃដីទំហំសរុប ៥៤២៨ហិកតា ស្ថិតក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ, ៣). សំណើសុំចុះបញ្ជីដីរបស់ប្រជាពលរដ្ឋ ១៨៣៩ គ្រួសារ លើដីទំហំ ៥៧៤៤ហិកតា ស្មើនឹង ១៩០២ក្បាលដី ស្ថិតក្នុងនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។
៤). សំណើសុំចុះបញ្ជីរបស់ប្រជាពលរដ្ឋ ១ ០៤៥ គ្រួសារ លើដីទំហំ ៧៣៣៦ហិកតា ស្មើនឹង ១២៥៩ក្បាលដី ស្ថិតក្នុងឃុំជ្រោយបន្ទាយ និងឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ, ៥). វិវាទដីធ្លីរវាងប្រជាពលរដ្ឋ ៨១គ្រួសារ ជាមួយក្រុមហ៊ុនកាម៉ាដេនូវេនឈរ (ខេមបូឌា) លីមីធីត និងក្រុមហ៊ុនអិន ខេ អេហ្គី (ខេមបូឌា) លីមីធីត លើផ្ទៃដីទំហំ ៥២០ហិកតា ស្ថិតនៅឃុំកោះខ្មែរ ឃុំសំបូរ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ, ៦). វិវាទដីធ្លីរវាងប្រជាពលរដ្ឋចំនួន ២៩១ គ្រួសារ ជាមួយក្រុមហ៊ុន ស៊ីអេចភីប៊ី មានទីតាំងស្ថិតនៅ ឃុំកំពង់ចាម និងឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។
៧). សំណើសុំចុះបញ្ជីរបស់ប្រជាពលរដ្ឋចំនួន៦ភូមិ លើដីទំហំ ៤៨ ២៩០ ហិកតា ស្ថិតក្នុងឃុំឃឹម ស្រុកស្នួល ខេត្តក្រចេះ, ៨). សំណើសុំរបស់ឈ្មោះ អែល រ៉ូហ្សា តំណាងឱ្យប្រជាពលរដ្ឋចំនួន ១៣១៨គ្រួសារ ស្នើសុំជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីរវាងពួកគាត់ជាមួយក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង (ខូអិលធីឌី) ស្ថិតនៅឃុំកោះខ្មែរ ស្រុកសំបូរ ខេត្តក្រចេះ, ៩). ករណីវិវាទដីធ្លីរវាងឈ្មោះ ឡេង ចាន់ធា ជាមួយឈ្មោះ សុខ ហេង ទំហំ៩២០០ម៉ែត្រការ៉េ នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ, ១០). វិវាទរវាងឈ្មោះ ទៀង ផល្លី តំណាងក្រុមហ៊ុន សុវណ្ណវុទ្ធី ខូអិលធីឌី ជាមួយប្រជាពលរដ្ឋ មាន ទីតាំងស្ថិតនៅឃុំឃឹម និងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
១១). ករណីវិវាទឈ្មោះ អ៊ុន ស្រីម និងឈ្មោះ ថោង វិរ៉ាដេ ដណ្តើមសិទ្ធិកាន់កាប់ទីតាំងដី ស្ថិតនៅ ភូមិស្រែស្មៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ, ១២). ករណីសំណើរបស់ឈ្មោះ ចាន់ លី និងឈ្មោះ គីវ ចាន់ធារី ទំហំ ៦ ៨២២ ម៉ែត្រការ៉េ ស្ថិតនៅភូមិ ត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ, ១៣). ករណីសំណើរបស់ឈ្មោះ សូ ម៉ាលី, សូ សុភាព និងឈ្មោះ សូ សុភី លើករណីវិវាទព្រំដី ស្ថិត នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ករណីខាងលើនេះ អង្គប្រជុំបានឯកភាព និងសម្រេចជាគោលការណ៍ ជំរុញការដោះស្រាយឱ្យបានឆាប់រហ័ស នាពេលខាង ខាងមុខ តាមគ្រប់យន្តការ គ្រប់ថ្នាក់ គ្រប់ផ្នែក និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបិទបញ្ចប់ករណីវិវាទ។ ចំពោះ ប្រជាពល ពលរដ្ឋដែលគ្មានដីពិតប្រាកដត្រូវដាក់ពាក្យស្នើសុំមកគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ខេត្ត។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

















































