កីឡា៖ ការលេងកីឡាត្រូវបានគេដឹងជាទូទៅថា នាំមកនូវមិត្តភាព សាមគ្គីភាព សន្តិភាព និងសុខភាពល្អ ។ តាមរយៈការហាត់កីឡា ជំរុញឱ្យមនុស្សមានភាពឈ្លាសវៃ រហ័សរហួន ធន់នឹងជំងឺ និងក្មេងជាងវ័យជាដើម។ ទន្ទឹមនឹងនេះ បើយោងតាមគេហទំព័រ Digit Insurance បានបង្ហាញអំពីផលវិជ្ជមានទាំង៥ នៃការចូលរួមក្នុងសកម្មភាពកីឡា ចំពោះសុខភាពផ្លូវចិត្តផងដែរ។
១-ធ្វើឱ្យអារម្មណ៍ប្រសើរឡើង ៖ សកម្មភាពនៃការលេងកីឡា នឹងជំរុញឱ្យអ្នកមានការផ្ដោតអារម្មណ៍ខ្ពស់ ខណៈពេលកំពុងលេង និងបាត់អស់ក្ដីព្រួយបារម្ភផ្សេងៗ។ ជាមួយគ្នានេះ នៅពេលរាងកាយមានសកម្មភាព វានឹងជំរុញឱ្យសារធាតុគីមីក្នុងខួរក្បាលកើនឡើង ដែលធ្វើឱ្យអ្នកមានភាពរីករាយ និងទទួលអារម្មណ៍ធូរស្រាលក្នុងខ្លួន។
២-ប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត ៖ ឥទ្ធិពលសំខាន់បំផុតនៃការហាត់កីឡាចំពោះផ្លូវចិត្ត គឺអាចព្យាបាលជំងឺបាក់ទឹកចិត្តបាន។ យោងតាមការសិក្សាមួយចំនួន បានបង្ហាញថា ការហាត់កីឡា និងការហាត់ប្រាណ អាចប្រយុទ្ធប្រឆាំងនឹងរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត និងការពារមិនឱ្យកើតឡើងវិញផងដែរ។
៣-ជួយឱ្យគេងលក់ស្កប់ស្កល់៖ ការលេងកីឡាក៏ចូលរួមពង្រឹងគុណភាពនៃការគេងផងដែរ។ ការហាត់ប្រាណជាប្រចាំ ជួយឱ្យអ្នកគេងឆាប់លក់ និងគេងដោយស្កប់ស្កល់។ យោងតាមការស្រាវជ្រាវរបស់ JOHNS HOPKINS MEDECINE បង្ហាញថា បុគ្គលដែលហាត់ប្រាណ ៣០នាទីជារៀងរាល់ថ្ងៃ អាចទទួលគេងលក់ស្កប់ស្កល់ជាងបុគ្គលដែលមិនហាត់ប្រាណទាល់តែសោះ។
៤-បង្កើនទំនុកចិត្ត៖ ការលេងកីឡា ឬចូលរួមសកម្មភាពកីឡាជាទៀងទាត់ អាចជួយបង្កើនទំនុកចិត្តលើខ្លួន ឯង។ ព្រោះពេលដែលអ្នកចូលរួមហ្វឹកហាត់ ឬប្រកួតកីឡាណាមួយ កម្លាំង និងជំនាញរបស់អ្នកហ្វឹកហាត់នឹងកើនឡើង។ ម្ល៉ោះហើយ វាក៏ជួយឱ្យគេមានទំនុកចិត្តលើខ្លួន ឯងខ្លាំងជាងមុនផងដែរ។
៥-កាត់បន្ថយភាពតានតឹង៖ ខណៈបច្ចុប្បន្ន មនុស្សជាច្រើនកំពុងមានបញ្ហាតានតឹង ដោយមានករណីខ្លះត្រូវទៅជួបអ្នកជំនាញដើម្បីដោះស្រាយផងនោះ តួនាទីកីឡាក៏រឹងតែសំខាន់ផងដែរ ។ ឥទ្ធិពលវិជ្ជមាននៃការលេងកីឡា អាចជួយបន្ធូរភាពតានតឹងរបស់បុគ្គលម្នាក់បានច្រើន។ តាមរយៈការធ្វើសកម្មភាពផ្សេងៗ រាងកាយរបស់អ្នកនឹងបញ្ចេញអរម៉ូនអង់ដូហ្វីន។ ដោយអរម៉ូនេះ គឺជាសារធាតុគីមីក្នុងខួរក្បាល ដែលជួយកាត់បន្ថយភាពតានតឹង និងការឈឺចាប់។ លើសពីនេះ ការលេងកីឡា ក៏ជួយកាត់បន្ថយអរម៉ូនស្ដ្រេស កូលេស្ដូរ៉ល និងអាដ្រេណាលីនផងដែរ។ ការសិក្សាជាច្រើនបង្ហាញថា ការធ្វើលំហាត់ប្រាណ ២០ ទៅ៣០នាទីរាល់ថ្ងៃ ធ្វើឱ្យចិត្តអ្នកស្ងប់ ព្រមទាំងអាចផ្ដោតអារម្មណ៍បានល្អ៕