(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នា ក្នុងនាមក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្នុងនាមប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌ៧មករា លោក ថេង សុថុល អភិបាលខណ្ឌ សូមប្រកាស គាំទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការអនុម័តគាំទ្រលើសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះរការដោះស្រាយបញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីតាមផ្លូវច្បាប់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងបន្តប្រើប្រាស់ឱ្យអស់លទ្ធភាពនូវយន្តការទ្វេភាគី ដែលមានស្រាប់ រួមមាន គណៈកម្មការចម្រុះព្រំដែន (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីរក្សា និងកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ជាប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
ការដាក់ចេញនូវយន្តការដោះស្រាយនេះ គឺជាឆន្ទៈរួមរបស់ប្រជាពលរដ្ឋ និងជាផែនការយុទ្ធសាស្ត្រប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ប្រកបដោយភាពចាស់ទុំ “ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង” ក្នុងកិច្ចការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ខ្ញុំបាទក៏សូមសម្តែងនូវការគោរពចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអតីតនាយករដ្ឋមន្ត្រីដ៏អង់អាចឈ្លាសវៃ ដែលបានគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល និងបានផ្តល់នូវអនុសាសន៍ជូនរាជរដ្ឋាភិបាល ប្រកបដោយភាពចាស់ទុំ និងមុតស្រួចបំផុត ទាំងខាងនយោបាយ ការទូត និងយោធា ដែលធ្វើឱ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស មានទំនុកចិត្តខ្ពស់ អស់ក្តីព្រួយបារម្ភ និងរស់នៅប្រកបដោយភាពកក់ក្តៅបំផុត។
ជាថ្មីម្តងទៀត! យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះយន្តការដោះស្រាយដ៏ខ្ពង់ខ្ពស់ បំផុតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជាការអនុម័តគាំទ្រលើសេចក្តីថ្លែងការណ៍ក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ក្នុងការធានាបាននូវសុខសន្តិភាព ស្ថេរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្តោយបន្ទាត់ព្រំដែនឱ្យកាន់តែប្រសើរឡើង សំដៅធានាបាននូវអធិបតេយ្យជាតិ បូរណភាពទឹកដី និងព្រំដែនច្បាស់លាស់ និងសូមប្តេជ្ញាចូលរួមគាំទ្រយ៉ាងពេញទំហឹង ចំពោះរយន្តការដោះស្រាយដ៏ខ្ពង់ខ្ពស់បំផុតនេះ ឱ្យបានម៉ឺងម៉ាត់បំផុត និងឥតងាករេ។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram, Twitter, WhatsApp, Line, CoolApp៕


