Boostrong

ទេសរដ្ឋមន្រ្តី លី ធុជ ស្នើ UNMAS គាំទ្រការដោះស្រាយការគំរាមកំហែងពីសំណល់ជាតិផ្ទុះនៅកម្ពុជា

ព័ត៌មានអន្តរជាតិ
ចុះថ្សាយថ្ងៃ​ ព្រហស្បតិ៍ ១១-កក្កដា-២០២៤

(ភ្នំពេញ)៖ នាឱកាសអនុញ្ញាតឱ្យលោកស្រី Ilene Cohn នាយិកា UNMAS ទទួលបន្ទុកផ្នែកប្រតិបត្តិការរក្សាសន្តិភាព ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១១ កក្កដា នេះ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើ UNMAS ចូលរួមគាំទ្រការរៀបចំគោលនយោបាយថ្នាក់ជាតិ ក្នុងការដោះស្រាយការគំរាមកំហែងពីសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលនៅសេសសល់។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ លោកស្រី Ilene Cohn អំពីដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងនោះរួមទាំងកិច្ចខិតខំប្រឹងប្រែងផ្នែកសកម្មភាពបោសសម្អាតមីនមនុស្សធម៌ ចាប់តាំងពីឆ្នាំ១៩៩២ ដែលមានការចូលរួមគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធដទៃទៀត។

លោកទេសរដ្ឋមន្រ្តី បន្តទៀតថា ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ ឆ្នាំ២០២៣ គឺជាឆ្នាំដែលកម្ពុជាទទួលបាននូវសមិទ្ធផលយ៉ាងធំធេងជាងគេក្នុងការងារបោសសម្អាតមីនរហូតដល់ ៤៥៦គីឡូម៉ែត្រការ៉េ និងត្រូវបានចាត់ទុកជាជោគជ័យមួយសម្រាប់វិស័យសកម្មភាពមីនសកល។ ទោះបីយ៉ាងណា កម្ពុជា នៅបន្តសេសសល់នូវតំបន់សង្ស័យមានមីន និងមានភាពស្មុគស្មាញជាច្រើន ដែលកិច្ចការនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តយ៉ាងមុះមុត ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់ដែលនៅសេសសល់ទាំងនោះ។ តាងនាមរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា «ស្នើសុំឱ្យ UNMAS ចូលរួមគាំទ្រដល់ការរៀបចំគោលនយោបាយថ្នាក់ជាតិ ក្នុងការដោះស្រាយការគំរាមកំហែងពីសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ ផងដែរ»។

ជាមួយគ្នានោះ ក្នុងនាមកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរឆ្នាំ២០២៤ លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានស្នើ UNMAS ជួយផ្សព្វផ្សាយ កៀរគរ និងទទួលបានការគាំទ្រលើផែនការសកម្មភាពសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ដែលនឹងត្រូវដាក់ជូនទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ក្នុងខែតុលា ឆ្នាំ២០២៤ ខាងនេះ។

ទន្ទឹងនឹងនោះផងដែរ លោកប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានស្នើ UNMAS គាំទ្រដល់សកម្មភាពធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញា ដើម្បីកៀរគរប្រទេសមិនទាន់ក្លាយជារដ្ឋភាគី ឱ្យបានចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានស្នើសុំឱ្យ UNMAS គាំទ្រដល់វិស័យសកម្មភាពមីនក្នុងបណ្តាប្រទេសដែលកំពុងរងផលប៉ះ និងមានតម្រូវការក្នុងការងារបោសសម្អាតមីន។ ជាការឆ្លើយតប លោកស្រី Ilene Cohn បានទទួលយកសំណើរបស់កម្ពុជា ហើយនឹងបន្តធ្វើការដើម្បីគាំទ្រដល់ការអនុវត្តអនុសញ្ញា៕

https://api.whitetigertv-asia.com/uploads/images/1720714401918-photo_2024-07-11_22-57-29.jpghttps://api.whitetigertv-asia.com/uploads/images/1720714401924-photo_2024-07-11_23-12-25.jpghttps://api.whitetigertv-asia.com/uploads/images/1720714401930-photo_2024-07-11_23-12-33.jpghttps://api.whitetigertv-asia.com/uploads/images/1720714401937-photo_2024-07-11_23-12-48.jpghttps://api.whitetigertv-asia.com/uploads/images/1720714401943-photo_2024-07-11_23-12-56.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស៊ើបអង្កេត
ចែករំលែក
Boostrong