ខ្លាសអាស៊ីធីវី

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងអគ្គរដ្ឋអាជ្ញារុស្សី វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ រួមទាំងវិស័យមហាផ្ទៃ!

ព័ត៌មានជាតិ

(ភ្នំពេញ)៖ ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានអញ្ជើញនិងទទួលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ ភាគីទាំងពីរ បានរម្លឹកឡើងវិញអំពីសាវតានៃចំណងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ រួមវាយតម្លៃជាវិជ្ជមានចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-រុស្សុី រួមទាំងក្នុងវិស័យមហាផ្ទៃ។

ជាក់ស្ដែងក្នុងជំនួបនោះ ​​​​​​​ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ចាប់តាំងពីឆ្នាំ១៩៥៦ សម័យសហភាពសូវៀត និងរដ្ឋកម្ពុជា ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកនៃភាគីទាំងពីរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលរុស្ស៊ី ដែលនៅតែបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរ ដែលចាប់តាំងពីរឆ្នាំ១៩៨០ រហូតមក ភាគីរុស្ស៊ី បានទទួលសិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សាអប់រំលើមុខជំនាញផ្សេងៗ។

ក្នុងឱកាសនោះដែរ ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​កិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ដែលកិច្ចប្រជុំនេះគឺជាយន្តការដ៏មានសារៈសំខាន់ណាស់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ឯកឧត្ដ​ម​អភិសន្តិបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ កម្ពុជា-​រុស្ស៊ី និងបានថ្លែងអំណរគុណដល់ស្ថាប័ននានានៃភាគីរុស្ស៊ី ដែលបាន​ផ្ដល់វគ្គបណ្ដុះបណ្ដាលជាច្រើនលើជំនាញផ្សេងៗដល់មន្ត្រីនគរបាលជាតិកម្ពុជា។

ជាការឆ្លើយតប ឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានថ្លែងអំណរគុណចំពោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី។ ឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) ក៏បានធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់ការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី ដែលមានផ្អែកមួយចំនួនអាចមានលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការណាមួយជាមួយក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាគ្រឿងញៀន ជាដើម។ ក្នុងជំនួបនេះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ ក៏បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 YouTube, Facebook, Instagram, TikTok, Telegram, Twitter, WhatsApp, Line, CoolApp

https://api.whitetigertv-asia.com/uploads/images/1748615229302-photo_2025-05-30_21-26-33.jpghttps://api.whitetigertv-asia.com/uploads/images/1748615276226-photo_2025-05-30_20-41-12.jpghttps://api.whitetigertv-asia.com/uploads/images/1748615280514-photo_2025-05-30_20-41-20.jpghttps://api.whitetigertv-asia.com/uploads/images/1748615284298-photo_2025-05-30_20-41-25.jpghttps://api.whitetigertv-asia.com/uploads/images/1748615288136-photo_2025-05-30_20-41-30.jpghttps://api.whitetigertv-asia.com/uploads/images/1748615291844-photo_2025-05-30_20-41-35.jpghttps://api.whitetigertv-asia.com/uploads/images/1748615296036-photo_2025-05-30_20-41-39.jpghttps://api.whitetigertv-asia.com/uploads/images/1748615301817-photo_2025-05-30_20-41-45.jpghttps://api.whitetigertv-asia.com/uploads/images/1748615306081-photo_2025-05-30_20-41-50.jpghttps://api.whitetigertv-asia.com/uploads/images/1748615310385-photo_2025-05-30_20-41-58.jpghttps://api.whitetigertv-asia.com/uploads/images/1748615315521-photo_2025-05-30_20-42-03.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី