(ព្រះវិហារ)៖ គណៈប្រតិភូរដ្ឋបាលខណ្ឌទួលគោក រួមជាមួយគណៈប្រតិភូរដ្ឋបាលខណ្ឌ៧មករា ដែលដឹកនាំដោយលោក ជា ពិសី និងលោក ថេង សុថុល អភិបាលខណ្ឌទាំងពីររូប នៃប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដើម្បីបង្កើនចំណងមិត្តភាព និងសាមគ្គីភាពកាន់តែស៊ីជម្រៅ ដែលចងសម្ព័ន្ធមេត្រីភាព ចំពោះនាយទាហាន ពលទាហាន និងគ្រួសារកងទ័ពឈរជើងការពារបូរណភាពទឹកដី នៃវរសេនាតូចលេខ៣៩៣ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងភូមិសែនរុងរឿង ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ការសួរសុខទុក្ខគ្នាទៅវិញទៅមក សម្រាប់ការចងសម្ព័ន្ធមេត្រីភាព រវាងខណ្ឌ៧មករា និងខណ្ឌទួលគោកទាំងពីរ និងវរសេនាតូចលេខ៣៩៣ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដោយក្នុងនោះ រដ្ឋបាលខណ្ឌទាំងពីរ ក៏បានលើកឡើងអំពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមអនុសាសន៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភា តែងតែបានបំផុសឲ្យមានការទំនាក់ទំនង នៃសមរភូមិក្រោយ និងសមរភូមិមុខបានជួបជុំគ្នាសួរសុខទុក្ខ និងចែករំលែកនូវសេចក្តីស្រឡាញ់ តាមរយៈការជួយផ្តល់នូវថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗដល់នាយទាហាន ពលទាហាន និងគ្រួសារកងទ័ពជារៀងរាល់ឆ្នាំ។
ប្រតិភូរដ្ឋបាលខណ្ឌទាំងពីរ ក៏បានកោតសរសើរ ដល់បងប្អូនកងកម្លាំងទាំងអស់ ដែលបានស្គាល់ច្បាស់ពីតួនាទី និងភារកិច្ចរបស់កងទ័ព ពោលគឺការឈរលើជំហរដាច់ខាត ក្នុងការការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ហើយកាន់តែសំខាន់ ចំពោះការយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និងធ្វើការកសាងជម្រកក្នុងអង្គភាព និងហាត់កីឡាដើម្បីរាងកាយរឹងមាំ ជាមួយការដាំដុះដំណាំបន្លែបង្កា និងចិញ្ចឹមសត្វផ្គត់ផ្គង់ដល់ជីវភាពអង្គភាព ព្រមទាំងការយកចិត្តទុកដាក់បានយ៉ាងល្អប្រសើរនូវការគ្រប់គ្រង និងថែរក្សាអាវុធយុទ្ឋភ័ណ្ឌ សម្រាប់ចូលរួមអនុវត្តនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព សំដៅឆ្ពោះទៅអភិវឌ្ឍន៍រីកចម្រើន ក្នុងការរក្សាបាននូវសុខសុវត្ថិភាពក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ និងក្នុងនាមរដ្ឋបាលខណ្ឌសម្ព័ន្ធមេត្រីភាព ក៏បាននាំយកនូវការជួយឧបត្ថម្ភមួយចំនួន ដល់វរសេនាតូចលេខ៣៩៣ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដែលរួមមាន៖ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងអង្គភាព និងវិទ្យុទាក់ទង ចំនួន៥គ្រឿង នូវថវិកាចំនួន១០លានរៀល, ឧបត្ភម្ភដល់អង្គភាព២លានរៀល, ឧបត្ថម្ភយោធិនបាត់បង់ជីវិត១នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលចុះបំពេញបេសកកម្មការងារ១លានរៀល, ឧបត្ថម្ភយោធិន១ម្នាក់ទៀត ៥០ម៉ឺនរៀល ដែលរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលចុះបេសកកម្មការងារ ដោយសរុបចំនួន១៣លាន៥០ម៉ឺនរៀល។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram, Twitter, WhatsApp, Line, CoolApp៕






























