(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដាក់ចេញនូវរបៀបវារៈសំខាន់ៗចំនួន៣ ដើម្បីជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធខណ្ឌ-សង្កាត់ បន្តរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព នៅក្នុងមូលដ្ឋាន។
សម្រាប់របៀបវារៈសំខាន់ៗទាំង៣ ដែលបានដាក់ចេញដោយលោកអភិបាលខណ្ឌសែនសុខ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាកាឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើចូលរួមពីអភិបាលរងខណ្ឌ, លោកអធិការខណ្ឌ, លោកមេបញ្ជាការអាវុធហត្ថខណ្ឌ, តំណាងភូមិភាគពិសេសប្រចាំខណ្ឌ លោក-លោកស្រីនាយករងរដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យទាំង១១, លោកចៅសង្កាត់ទាំង០៦, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៦។
នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាកាឯកភាពរដ្ឋបាលខណ្ឌ បានដាក់ចេញនូវរបៀបវារៈ ដែលបានគ្រោងទុកសំខាន់ៗចំនួន៣ រួមមាន៖ ១-ការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌ, ២-ការងារបង្ក្រាបល្បែងអនឡាញ (Online Scam), ៣-បច្ចុប្បន្នភាពពលករត្រឡប់មកពីប្រទេសថៃ តាមមូលដ្ឋានសង្កាត់៕
































